News

អភិបាលខេត្តកណ្តាលបានអះអាងថា អ្នកវិនិយោគអចលនទ្រព្យកំពុងតែចាប់អារម្មណ៍នៅតំបន់ព្រលានយន្តហោះថ្មី


នាពេលបច្ចុប្បន្ននេះ មានអ្នករកស៊ីដីធ្លីជាច្រើនបាននឹងកំពុងផ្តោតលើការចាប់អារម្មណ៍យ៉ាងខ្លាំងលើការវិនិយោគលើវិស័យអចលនទ្រព្យនៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅក្នុងខេត្តកណ្តាល ខណៈបច្ចុប្បន្នព្រលានយន្តហោះថ្មីនេះកំពុងតែមានសកម្មភាពសាងសង់យ៉ាងសកម្ម។ នេះបើតាមការអះអាងរបស់អភិបាលខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្តាលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់ខេត្តកណ្តាល កាលពីព្រឹកនៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០នេះ បានមានប្រសាសន៍ថា គម្រោងព្រលានយន្តហោះថ្មី នៅក្នុងខេត្តកណ្តាលនេះ បានជំរុញឱ្យខេត្តកណ្តាលកាន់តែមានសក្តានុពលខ្ពស់ និងបានធ្វើឱ្យអ្នកវិស័យអចលនទ្រព្យជាច្រើនសម្រុកទៅកាន់ទីនោះ។ លោកថា អ្នកវិនិយោគលើវិស័យអចលនទ្រព្យទាំងនោះរួមមាន ទាំងវិនិយោគលើវិស័យសណ្ឋាគារ លំនៅដ្ឋាន បុរី និង គម្រោងធំៗផ្សេងទៀត ដែលធ្វើឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះ កាន់តែមានតម្លៃខ្ពស់ ហើយផ្តល់ជីវភាពធូរធារដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
លោកបន្តថា ទឹកដីដែលកំពុងតែសាងសង់ព្រលានយន្តហោះថ្មីនេះ គឺសម្បូរទៅដោយគ្រាប់មីន គ្រាប់បែក សព្វបែបយ៉ាង ដែលកងវិស្វកម្មរបស់ស៊ីម៉ាក បានចុះទៅស្រាវជ្រាវ រាវយកគ្រប់ប្រភេទគ្រាប់ទាំងអស់បានមកហើយ។ ហើយមួយវិញទៀតនោះ គឺកំពុងតែដោះស្រាយផលប៉ះពាល់ដីជាមួយប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅទីនោះ ដោយពេលនេះកំពុងតែដោះស្រាយទៅជាបន្តបន្ទាប់ហើយ។ នៅពេលខាងមុខនេះយើងនឹងសម្រេចបានផលវិជ្ជមាន ហើយការដោះស្រាយផលប៉ះពាល់ទៀត យើងទន់ភ្លន់ ម៉ឺងម៉ាត់ មិនឱ្យបងប្អូនយើងដែលរស់នៅសំណង់មិនរៀបរយក្តី គឺយើងបានផ្តល់ដីជូនគាត់ ហើយឧបនាយករដ្ឋមន្រ្តី ក៏បានប្រគល់ជូនផ្ទះដល់ពួកគាត់ផងដែល​។