News

៩ចំណុច ធ្វើឱ្យឆ្នេរអូរត្រេះ២នឹងក្លាយជាឆ្នេរលេខ១នៅខេត្តព្រះសីហនុ ខណៈរដ្ឋបាលខេត្តនេះ ត្រៀមអភិវឌ្ឍន៍

អភិបាលខេត្តព្រះសីហនុ កំពុងតែរៀបចំគោលការណ៍៩ចំណុច លើគម្រោងអភិវឌ្ឃន៍តំបន់ឆ្នេរអូរត្រេះ២ ដែលមានប្រវែង១,៧៤៦ម៉ែត្រ នឹងបង្កើនសោភណ្ឌភាពដើម្បីទាក់ទាញទេសចរណ៍។ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំសួនកំសាន្តឆ្នេរអូរត្រេះ២ ដោយមានការចូលរួមពីឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនផងដែរ។ កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ។
លោក ម៉ាត់ លី អ្នកគ្រប់គ្រងក្រុមហ៊ុន អូរត្រេះ មេនេចមេន បានធ្វើបទបង្ហាញ ស្តីពីគម្រោងអភិវឌ្ឃន៍តំបន់ឆ្នេរអូរត្រេះ២ ប្រវែង១,៧៤៦ម៉ែត្រ ដើម្បីចូលរួមអភិវឌ្ឍបង្កើនសោភណ្ឌភាពទាក់ទាញទេសចរណ៍ និងឆ្នេរសាធារណ: ការការពារបរិស្ថានសណ្តាប់ធ្នាប់ អនាម័យល្អ ជួយលើកកម្ពស់សេវាកម្ម និងផលិតផលទេសចរណ៍ប្រកបដោយចិរភាពឱ្យមានវិសាលភាព មានដូចជា៖
១.ក្រាលការ៉ូឡាកន្លែងចតរថយន្ត
២.រៀបចំកែលំអរសួនច្បារ និងដាំដើមឈើឡើងវិញ
៣.ក្រាលការ៉ូឡាសំរាប់ផ្លូវថ្មើជើង
៤.តំឡើងបង់អង្គុយលេង
៥.សាងសង់បន្ទប់ទឹកថ្មី
៦.រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់
៧.រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ
៨.រៀបចំសួនកុមារ
៩.ឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន ឱ្យបន្តសិក្សាឆ្នេរសមុទ្រចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ មានប្រវែង ប្រមាណ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្ររបស់យើងជាលំហរសាធារណ: បំរើឱ្យសាធារណ:ជន កាលណាយើងបាត់បង់ឆ្នេរ នោះយើងនឹងបាត់បង់ភ្ញៀវទេសចរ។ ការសិក្សារៀបចំឆ្នេរសមុទ្រតាមគំរូប្លង់រៀបរយ ដោយសិក្សាប្លង់មេឱ្យបានទូលំទូលាយ ដោយរៀបចំឆ្នេរថ្ម ឆ្នេរខ្សាច់ ពិសេសទៀតរៀបចំឱ្យមានសត្វលម្អ មានដូចជា សត្វក្ងោក សត្វកំប្រុក ឬសត្វផ្សេងៗទៀតជាការទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

លោកបានបញ្ជាក់ទៀតថា ឆ្នេរសមុទ្ររបស់យើងមិនអនុញ្ញាតិឱ្យមានការរៀបចំដាក់តុ ឬកន្ទេលនៅលើឆ្នេរខ្សាច់យកលុយនោះទេ ដោយទុកឆ្នេរសមុទ្ររបស់យើងជាឆ្នេរលំហសាធារណ: សម្រាប់យើងទាំងអស់គ្នា ក៏ប៉ុន្តែយើងត្រូវចូលរួមថែរក្សាបរិស្ថាន សោភណ្ឌភាពឆ្នេរទាំងអស់គ្នា ត្រូវវេចខ្ចប់សំរាមដាក់ក្នុងធុងដែលរដ្ឋបាលក្រុង ខេត្ត រៀបចំនៅតាមតំបន់ឆ្នេរ៕